នាថ្ងៃអង្គារ ២ រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែ មីនា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ក្រុមប្រឹក្សាមូលនិធិស.អ.) បានធ្វើជាគណៈអធិបតីក្នុងពិធីបិទ និងប្រគល់ពានរង្វាន់ជូនជ័យលាភីនៃកម្មវិធីអក្ខរកម្មឌីជីថល (Digital Literacy) ដោយមានការចូលរួមពីថ្នាក់ដឹកនាំមកពីក្រសួងទាំងពីរ, ក្រុមប្រឹក្សាមូលនិធិ ស.អ., មន្ត្រីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាមូលនិធិ ស.អ. ,បុគ្គលិកនិងមន្ត្រីជាន់ខ្ពស់ក្រុមហ៊ុន Smart Axiata, គណៈគ្រប់គ្រងសាលា, លោកគ្រូ អ្នកគ្រូ, និងសិស្សានុសិស្ស។ </p
គម្រោងកម្មវិធីអក្ខរកម្មឌីជីថល (Digital Literacy) ត្រូវបានសហការអនុវត្តដោយវិទ្យាស្ថានជាតិ NIPTICT, ក្រុមហ៊ុន Smart Axiata, ក្រុមហ៊ុន Google និង GSMA ក្រោមការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដោយប្រើប្រាស់កញ្ចប់ថវិកាមូលនិធិ ស.អ. ក្នុងចំណែកវិភាគទានរបស់ក្រុមហ៊ុន Smart Axiata។ គម្រោងនេះ មានគោលបំណងបញ្ជ្រាបការយល់ដឹងដល់សិស្សានុសិស្សកំពុងសិក្សាកម្រិតវិទ្យាល័យចំនួន ១៤៦៤ រូប មកពីវិទ្យាល័យ ចំនួន ០៩ (ប្រាំបួន) ក្នុងរាជធានីភ្នំពេញចំនួន០៣, ខេត្តកំពង់ចាមចំនួន០៣ និងខេត្តកំពង់ឆ្នាំងចំនួន០៣ អំពីការប្រើប្រាស់អ៊ីនធឺណិតឱ្យបានត្រឹមត្រូវប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព និងទាញយកផលប្រយោជន៍ជាអតិបរមាពីការប្រើប្រាស់អ៊ីនធឺណិត។ ជាក់ស្តែង សិស្សានុសិស្សត្រូវបានបណ្តុះបណ្តាលអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់អ៊ីនធឺណិត, ការត្រៀមខ្លួនធ្វើជាពលរដ្ឋក្នុងសម័យឌីជីថល, វិធីសាស្ត្រប្រើប្រាស់អ៊ីនធឺណិតដើម្បីស្វែងរកព័ត៌មានដែលអាចទុកចិត្តបាន, ការការពារខ្លួនក្នុងពិភពឌីជីថលដើម្បីបញ្ជៀសហានិភ័យកើតចេញពីបទល្មើសតាមប្រព័ន្ធអ៊ីនធឺណិត និងរបៀបបង្កើតមាតិកាព័ត៌មានដើម្បីធ្វើទំនាក់ទំនង អប់រំ និងផ្សព្វផ្សាយក្នុងសហគមន៍របស់ខ្លួន។
តំណាងក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា ក្រុមហ៊ុន Smart Axiata ពិតជាមានមោទនភាពក្នុងការរៀបចំនូវកម្មវិធីអក្ខរកម្មឌីជីថលក្នុងឆ្នាំ២០១៩-២០២០ នេះ ដោយទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងមូលនិធិ ស.អ.។ លោក បានបន្តទៀតថា ក្រុមហ៊ុន Smart Axiata នឹងខិតខំស្វែងរកនិងបង្កើតគម្រោងផ្សេងៗទៀតដើម្បីជំរុញដល់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យឌីជីថលនាឆ្នាំបន្តបន្ទាប់ទៀតផងដែរ។
ឯកឧត្តម ត្រាំ អ៊ីវតឹក បានមានប្រសាសន៍ថា អក្ខរកម្មឌីជីថល ពិតជាមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់បុគ្គលគ្រប់រូប ដើម្បីអាចចូលរួមក្នុងសកម្មភាពនានាក្នុងយុគសម័យឌីជីថល, ដំណើរការសេដ្ឋកិច្ច និងដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរយ៉ាងលឿននៃបច្ចេកវិទ្យា។ ក្នុងនាមក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងប្រធានក្រុមប្រឹក្សាមូលនិធិ ស.អ. ឯកឧត្តម គាំទ្រយ៉ាងពេញទំហឹងក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងន័យសម្រេចឱ្យបាននូវគោលបំណងរបស់រាជរដ្ឋាភិបាលក្នុងការត្រៀមខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថលនិងបដិវត្តឧស្សាហកម្មជំនាន់ទី៤ ដូចបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានាអណត្តិទី៦។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានមានប្រសាសន៍ថា កម្មវិធីអក្ខរកម្មឌីជីថល នេះស្របទៅនឹងការបណ្ដុះបណ្ដាលយុវជនខ្មែរដើម្បីទទួលបានបំណិនសតវត្សទី២១ រួមមាន ១. ការអប់រំដែលឆ្លើយតបទៅនឹងទីផ្សារការងារ, ២. ការជំរុញឱ្យយុវជនក្លាយជាពលរដ្ឋល្អ រួមទាំងពលរដ្ឋ Digital ល្អ និង៣. អនុញ្ញាតឱ្យសិស្សានុសិស្សទទួលបានបំណិនអំពីជីវិតនិងចេះគ្រប់គ្រងពេលវេលា។ ឯកឧត្តម បានបន្តទៀតថា ពលរដ្ឋឌីជីថលពិតជាមានសារៈសំខាន់ក្នុងការចូលរួមអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចកម្ពុជា។
ក្នុងក្របខណ្ឌមូលនិធិ ស.អ. ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងបន្តកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពង្រីកវិសាលភាពគម្រោងអក្ខរកម្មឌីជីថលនេះឱ្យបានទូលាយបន្ថែមទៀត តាមរយៈវិទ្យាស្ថានជាតិ NIPTICT និង ITC ព្រមទាំងក្រុមហ៊ុនឯកជន និងដៃគូរអភិវឌ្ឍន៍ផ្សេងទៀត។ ក្នុងគោលបំណងបង្កើនធនធានមនុស្សក្នុងវិស័យឌីជីថលនៅកម្រិតមធ្យមសិក្សាទុតិយភូមិ, វិទ្យាស្ថានជាតិ NIPTICT ក៏បាននិងកំពុងអនុវត្តគម្រោងមួយចំនួនក្នុងក្របខណ្ឌមូលនិធិ ស.អ. ជាអាទិ៍ គម្រោង Cambodia ICT Volunteer និងគម្រោងបំពាក់កុំព្យូទ័រ និងសម្ភារៈបច្ចេកទេសគាំទ្រការបង្រៀនបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានសម្រាប់ការអប់រំតាមប្រព័ន្ធឌីជីថលនៅកម្រិតមធ្យមសិក្សាទុតិយភូមិ ផងដែរ។
គួរបញ្ជាក់ផងដែរថា កម្មវិធីអក្ខរកម្មឌីជីថលនេះ ត្រូវបានចាប់ផ្តើមអនុវត្តកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ និងត្រូវបានបញ្ចប់ជាស្ថាពរនាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ដោយសិស្សានុសិស្សចំនួន ០៣ (បី) ក្រុមទទួលបានរង្វាន់លើកទឹកចិត្ត ដោយក្នុងនោះក្រុមនីមួយៗទទួលបានរង្វាន់ជាទឹកប្រាក់ចំនួន១០០០ (មួយពាន់ដុល្លារអាមេរិក) និងសាលាសកម្មចំនួន ០២ ទទួលបានប្រាក់រង្វាន់ចំនួន ៣៧៥០ (បីពាន់ប្រាំពីរយហាសិបដុល្លារអាមេរិក) ក្នុងមួយសាលា។