សន្និសីទសារព័ត៌មានអំពីព្រឹត្តិការណ៍ “ឌីជីថលកម្ពុជា ២០២០ (Digital Cambodia 2020)

ព្រឹត្តិការណ៍ Digital Cambodia 2020 នឹងត្រូវបានរៀបចំចាប់ពីថ្ងៃទី ២០ ដល់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ នៅសាលពិព័រណ៍កោះពេជ្រ ដែលមានវិទ្យាស្ថានជាតិ NIPTICT ជាម្ចាស់ព្រឹត្តិការណ៍, ​គាំទ្រ​ដោយ​ក្រសួងចំនួន ០៦ រួមមាន ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងឧស្សាហកម្មនិងសិប្បកម្ម, ក្រសួងពាណិជ្ជកម្ម, និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងទទួលបានការសហការឧបត្ថម្ភដោយមូលនិធិ ស.អ.​ ដែលក្នុងនោះចំណែកវិភាគទានធំពី ក្រុមហ៊ុន Smart Axiata, ក្រុមហ៊ុន Viettel (Cambodia) និង ICT Division។ ព្រឹត្តិការណ៍នេះត្រូវបានសហការរៀបចំដោយក្រុមហ៊ុន Sabay Digital Corp. និងក្រុមហ៊ុន COMPASS Advertising។

ព្រឹត្តិការណ៍ Digital Cambodia 2020 ជាព្រឹត្តិការណ៍ឈានមុខប្រចាំឆ្នាំលើកទី២របស់ព្រះរាជាណាចក្រកម្ពុជាលើវិស័យបច្ចេកវិទ្យាឌីជីថលដែលមានគោលបំណងបង្កើត Platform ថ្នាក់ជាតិដើម្បី ១. បង្ហាញអំពីបរិយាកាស និង Ecosystem ប្រកបដោយអំណោយផល និងភាពទាក់ទាញសម្រាប់ការវិនិយោគវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៅកម្ពុជា, ២. បង្ហាញអំពីវឌ្ឍនភាពនៃការអភិវឌ្ឍក្របខ័ណ្ឌគោលនយោបាយនិងគតិយុត្ត និងផលិតផលនិងសេវាពាក់ព័ន្ធនឹងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន, ៣. បញ្ជ្រាបអំពីសារៈសំខាន់និងភាពមិនអាចខ្វះបាននៃវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានដល់គ្រប់មជ្ឈដ្ឋាន ជាពិសេសយុវជននិងស្ត្រី ក្នុងន័យធ្វើឱ្យប្រសើរឡើងនៃការអប់រំសម្រាប់សិស្ស-និស្សិត និងជំនាញបច្ចេកទេស បង្កើនប្រសិទ្ធភាពការងារនិងផលិតភាព និងពង្រឹងភាពប្រកួតប្រជែងសហគ្រាសធុនតូចបំផុត ធុនតូច និងមធ្យមរបស់កម្ពុជាលើឆាកតំបន់និងអន្តរជាតិ, ៤. កៀរគរគ្រប់តួអង្គពាក់ព័ន្ធក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន រួមមាន ស្ថាប័នរាជរដ្ឋាភិបាល អ្នកវិនិយោគជាតិនិងអន្តរជាតិ អាជីវកម្មបង្កើតថ្មី (Tech Startup) អ្នកវិជ្ជាជីវៈ​ និងគ្រឹះស្ថានសិក្សាស្រាវជ្រាវ ព្រមទាំងសង្គមស៊ីវិល ដើម្បីផ្លាស់ប្តូរបទពិសោធន៍និងឧត្តមានុវត្តន៍ និងពិភាក្សាយោបល់អំពីនិន្នាការថ្មីៗ ក៏ដូចជាអំពីបញ្ហាប្រឈមនានាលើវិស័យឧស្សាហកម្មបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានក្នុងក្របខ័ណ្ឌជាតិនិងអន្តរជាតិ, ៥. ជំរុញលើសហគ្រិនភាព និងនវានុវត្តន៍ថ្មីៗ, និង៦. អភិវឌ្ឍបណ្តាញអាជីវកម្មរវាងអាជីវកម្មបង្កើតថ្មី (Startup) ជាមួយសហគ្រាសធុនតូចបំផុត ធុនតូច និងមធ្យម។

គួរបញ្ជាក់ផងដែរថា កម្មវិធីធំៗក្នុងព្រឹត្តិការណ៍ Digital Cambodia 2020 មានដូចជា៖

  1. វេទិកាថ្នាក់រដ្ឋមន្ត្រីទូរគមនាគមន៍និងព័ត៌មានវិទ្យាអាស៊ាន និងកិច្ចសន្ទនារវាងរដ្ឋមន្ត្រីទូរគមនាគមន៍និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន អាស៊ាន ជាមួយនឹងវិស័យឯកជនមកពីថ្នាក់តំបន់ និងពិភពលោក
  2. វេទិកាសម្រាប់ Tech Startup និង
  3. វេទិកាសម្រាប់អ្នកអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថល
  4. សន្និសីទ និងសិក្ខាសាលាសម្រាប់ថ្នាក់ដឹកនាំនិងអ្នកជំនាញដើម្បីចែករំលែកអំពីបច្ចុប្បន្នភាព និងអនាគតនៃ បច្ចេកវិទ្យាឌីជីថល
  5. ពិព័រណ៍ឌីជីថលទាំងថ្នាក់ជាតិនិងថ្នាក់តំបន់
  6. ការប្រគល់ពានរង្វាន់ Cambodia ICT Awards, Women in Tech Awards, USO and CBRD Funds Awards, and Young Entrepreneur Awards,
  7. សម្រាប់ផលិតផលបច្ចេកវិទ្យាដែលមានលក្ខណៈច្នៃប្រឌិត​​ និងនវានុវត្តន៍​។

ឯកឧត្តម​បណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថានជាតិ ​NIPTICT បាន​មាន​ប្រសាសន៍​ថា “ព្រឹត្តិការណ៍ Digital Cambodia 2020 ​នេះ គឺជាលើកទី២ហើយដែលវិទ្យាស្ថានជាតិ NIPTICT ធ្វើជាម្ចាស់ព្រឹត្តិការណ៍។ Digital Cambodia 2020 ត្រូវបានរៀបចំឡើងក្រោមប្រធានបទ Digital Talents។ ក្នុងនាមជាប្រធានវិទ្យាស្ថានជាតិ NIPTICT ដែលជាគ្រឹះស្ថានអប់រំ និងស្រាវជ្រាវលើវិស័យបច្ចេកវិទ្យាឌីជីថល​និងជំនាញដល់យុវជន ឯកឧត្តម ជឿជាក់ថា ព្រឹត្តិការណ៍ Digital Cambodia 2020 នឹងក្លាយជាវេទិកាមួយដែលប្រមូលផ្តុំយុវជនឱ្យមកចាប់អារម្មណ៍លើវិស័យបច្ចេកវិទ្យាឌីជីថល ដែលជាវិស័យអាទិភាពនិងជាឆ្អឹងខ្នងសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

ឯកឧត្តម​បណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការ​ក្រសួងប្រៃសណីយ៍និង​ទូរគមនាគមន៍ និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាមូលនិធិ ស.អ. បានមាន​ប្រសាសន៍​ថា ព្រឹត្តិការណ៍ Digital Cambodia 2020 ជាផ្នែកមួយការចូលរួមចំណែកឱ្យសម្រេចបាននូវផែនការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ឆ្នាំ២០១៩ និង២០២០ ដែលបានដាក់ចេញដោយក្រុមប្រឹក្សាមូលនិធិ ស.អ. ពោលគឺដើម្បី ១. ជំរុញការអភិវឌ្ឍធនធានមនុស្សខាងផ្នែកបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ២. ជំរុញការស្រាវជ្រាវ និងអភិវឌ្ឍន៍ នវានុវត្តន៍ ខាងផ្នែក ប.គ.ព. និង៣. ជំរុញការអភិវឌ្ឍ Tech Startup Ecosystem ។

ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានផ្តល់ចំណាប់អារម្មណ៍ចំពោះព្រឹត្តិការណ៍ Digital Cambodia 2020 ថា “Digital Cambodia 2020 គឺជាសរសរស្តម្ភមួយដើម្បីសម្រេចបានគោលនយោបាយដែលរាជរដ្ឋាភិបាលកំពុងរៀបចំ ពោលគឺគោលនយោបាយសេដ្ឋកិច្ចឌីជីថល និងរដ្ឋាភិបាលឌីជីថល។ ឯកឧត្តមជឿជាក់ថា ការអភិវឌ្ឍយុវជនប្រកបដោយទេពកោសល្យនឹងចូលរួមចំណែកសម្រេចបាននូវយុទ្ធសាស្ត្រ-ចតុកោណតំណាក់កាលទី៤ សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៦ ជាពិសេសដើម្បីត្រៀមខ្លួនចាប់យកសេដ្ឋកិច្ចឌីជីថលនិងនិងបដិវត្តន៍ឧស្សាហកម្មទី៤។

គួរបញ្ជាក់ផងដែរថា Digital Cambodia 2020 នឹងមានការចូលរួមពីរដ្ឋមន្ត្រីទូរគមនាគមន៍និងព័ត៌មានវិទ្យាអាស៊ាន និងវាគ្មិនដែលបានចូលរួមជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលប្រមាណ ១២០ រូប។ ព្រឹត្តិការណ៍នេះក៏មានការតាំងពិព័ណ៌ប្រមាណ ១៧០ ស្តង់ និងសង្ឈឹមថានឹងមានអ្នកចូលរួមលើសពី ៣០, ០០០ នាក់ មកពីស្ថាប័នជាតិ និងអន្តរជាតិ រួមមាន ស្ថាប័នរាជរដ្ឋាភិបាល ទូត ប្រតិបត្តិករ​ទូរគមនាគមន៍ ក្រុមហ៊ុនផ្តល់សេវាកម្មបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្រុមហ៊ុនអភិវឌ្ឍបច្ចេកវិទ្យា ធនាគារ មីក្រូហិរញ្ញវត្ថុ អាជីវកម្មបង្កើតថ្មី (Tech Startup) អង្គការក្រៅរដ្ឋាភិបាល គ្រឹះស្ថានអប់រំ និងដៃគូអភិវឌ្ឍន៍។