ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ “ប្រព័ន្ធគ្រប់គ្រងសារនិងទីតាំងសម្រាប់ទទួលព័ត៌មាននិងទិន្នន័យនៃប្រជាពលរដ្ឋអំពីជំងឺកូវីដ-១៩”

នាថ្ងៃព្រហស្បតិ៍  ១០កើត  ខែស្រាពណ៍  ឆ្នាំជូត  ទោស័ក  ព.ស.២៥៦៤  ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០  នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក្រសួង ប.ទ.) និង លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន  រដ្ឋលេខាធិការក្រសួងសុខភិបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានចូលរួមជាគណៈអធិបតីក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ “ប្រព័ន្ធគ្រប់គ្រងសារនិងទីតាំងសម្រាប់ទទួលព័ត៌មាននិងទិន្នន័យនៃប្រជាពលរដ្ឋអំពីជំងឺកូវីដ-១៩” ក្រោមកិច្ចសហការរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍     និងក្រសួងសុខាភិបាល     ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទាំងពីរ  អនុប្រធាននិងសមាជិកក្រុមប្រឹក្សាភិបាលមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍, ប្រតិបត្តិករទូរគមនាគមន៍ និងអ្នកសារព័ត៌មាន។

ប្រព័ន្ធគ្រប់គ្រងសារនិងទីតាំងសម្រាប់ទទួលព័ត៌មាននិងទិន្នន័យនៃប្រជាពលរដ្ឋអំពីជំងឺកូវីដ-១៩ នេះ អាចទទួលការហៅចូលនិងឆ្លើយតបសារជាសំឡេងដោយស្វ័យប្រវត្តិ (Interactive Voice Response, “IVR”) ដោយសហការជាមួយប្រតិបត្តិករទូរគមនាគមន៍ និងមានមុខងារសំខាន់ៗដូចជា៖

១.ជួយបញ្ចៀសការកកស្ទះដល់ប្រព័ន្ធឆ្លើយតបសារ ១១៥ ដែលមានស្រាប់

២.អាចទទួលការហៅចូលនិងឆ្លើយតបដោយស្វ័យប្រវត្តិ និងអាចកំណត់អត្តសញ្ញាណប្រជាជនដែលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩

៣.អាចផ្ញើសារជាសំឡេងដោយស្វ័យប្រវត្តិទៅប្រជាជនដែលស្ថិតក្នុងការសង្ស័យថាមានផ្ទុកជំងឺកូវីដ-១​៩​ដើម្បីតាមដានសុខភាព និង

៤.អាចផ្តល់ទិន្នន័យចាំបាច់មួយចំនួនដើម្បីកំណត់អត្តសញ្ញាណនៃក្រុមជនដែលអាចមានហានិភ័យខ្ព​ស់​ក្នុងការឆ្លងជំងឺកូវីដ-១៩។

លោកបណ្ឌិត  ជាង  សុភ័ក្រ  អគ្គនាយករងនៃអគ្គនាយកដ្ឋានទូរគមនាគមន៍  និងជាអនុប្រធានលេខាធិការដ្ឋាននៃ  ក្រុមប្រឹក្សាភិបាលមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ បានមានប្រសាសន៍ថា ប្រព័ន្ធគ្រប់គ្រងសារនិងទីតាំងសម្រាប់ទទួលព័ត៌មាននិងទិន្នន័យនៃប្រជាពលរដ្ឋអំពីជំងឺកូវីដ-១៩នេះ ត្រូវបានអភិវឌ្ឍឡើងក្នុងក្របខណ្ឌមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ ស្របតាមច្បាប់ទូរគមនាគមន៍ និងអនុក្រឹត្យ ស្តីពីការកំណត់យន្តការសម្រាប់អនុវត្តកម្មវិធីកាតព្វកិច្ចសេវាសកលវិស័យទូរគមនាគមន៍ និងការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ លោកបានបន្តទៀតថា ក្រោមការដឹកនាំដោយផ្ទាល់របស់ ឯកឧ​ត្ត​​ម​បណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាអនុប្រធានទី១​ នៃក្រុមប្រឹក្សាភិបា​លមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ សហការជាមួយក្រុមការងារក្រសួងសុខាភិបាល ដឹកនាំដោយលោកជំ​ទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌីន  រដ្ឋលេខាធិការក្រសួងសុខាភិបាល, ក្រុមការងារនៃក្រសួងទាំងពីរ និងប្រតិបត្តិករទូរ​គ​មនាគមន៍​ បានប្រជុំពិភាក្សាជាបន្តបន្ទាប់ក្នុងគោលដៅអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងសារនិងទីតាំងសម្រាប់ទទួលព័ត៌មាននិងទិ​ន្នន័យ​​នៃប្រជាពលរដ្ឋអំពីជំងឺកូវីដ-១៩ ឱ្យមានភាពងាយស្រួលនិងប្រសិទ្ធភាពក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ​-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាលទ្ធផល ក្រុមការងារបានអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងសារនិងទីតាំងសម្រាប់ទទួលព័ត៌មាននិងទិន្នន័យនៃប្រជាពលរដ្ឋអំពីជំងឺកូវីដ-១៩ រួចរាល់ជាស្ថាពរ ព្រមទាំងបានធ្វើតេស្តសាកល្បងប្រើប្រាស់អស់ជាច្រើនខែ និងពិនិត្យឃើញថាប្រព័ន្ធនេះមានភាពងាយស្រួលប្រើនិងមានប្រសិទ្ធភាពខ្ពស់ក្នុងការកំណត់អត្ត​សញ្ញាណក្រុមជនដែលអាចមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ-១៩។

ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត បានមានប្រសាសន៍ថា ប្រព័ន្ធគ្រប់គ្រងសារនិងទីតាំងសម្រាប់ទទួលព័ត៌មាននិងទិន្នន័យនៃប្រជាពលរដ្ឋអំពីជំងឺកូវីដ-១៩ ត្រូវបានចាប់ផ្តើមអភិវឌ្ឍឡើងនៅពេលវេលាមួយដែលពិភពលោកប្រឈមមុខនឹងជំងឺកូវីដ-១៩ ហើយឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថា ប្រព័ន្ធនេះនឹងអាចជួយលើកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីក្រសួងសុខាភិបាលដែលជាសេនាធិការជួរមុខរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បានដោ​យ​មានប្រសិទ្ធភាព។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងថ្លែងអំណរគុណចំពោះក្រុមហ៊ុន Cellcard, Smart Ax​ia​ta​, Metfone និង Telecom Cambodia ដែលបានយល់ព្រមនិងអនុញ្ញាតឱ្យការប្រើប្រាស់សេវា ១១៥ របស់ក្រសួងសុខាភិបាលដោយមិនគិតថ្លៃ​ ព្រមទាំងប្រតិបត្តិករទូរគមនាគមន៍​ផ្សេងទៀត ដែលបានសហការសម្របសម្រួលដើម្បីរៀបចំប្រព័ន្ធនេះឡើងដែលបង្កឱ្យមានភាពងាយស្រួលដល់ការកត់ត្រាទិន្នន័យចាំបាច់របស់ប្រជាពលរដ្ឋ​ដែលស្ថិតក្នុងចង្កោមជនដែលមា​នហានិភ័យនៃការផ្ទុកជំងឺកូវីដ-១៩។

លោកជំទាវវេជ្ជបណ្ឌិត  ឱ  វណ្ណឌីន  រដ្ឋលេខាធិការក្រសួងសុខាភិបាល ក្នុងនាម  ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង  រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ក្រសួងសុខាភិបាល សូមថ្លែងអំណរគុណចំពោះក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលជាដៃគូរដ៏ជិតស្និតក្នុងការជំរុញនិងគាំទ្រដល់ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសក្នុងការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងសារនិងទីតាំងសម្រាប់ទទួលព័ត៌មាននិងទិន្នន័យនៃប្រជាពលរដ្ឋអំពីជំងឺកូវីដ-១៩ នេះឡើង។ ប្រព័ន្ធនេះ ត្រូវបានអភិវឌ្ឍឡើងស្របតាមស្ថានភាពបច្ចុប្បន្ននិងតម្រូវការរបស់ក្រសួងសុខាភិបាលក្នុងការប្រយុទ្ធនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ដែលព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលកំពុងជួបប្រទះ។

គួរបញ្ជាក់ផងដែរថា ក្រុមការងារបច្ចេកទេសនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបញ្ជប់ការអភិវឌ្ឍកម្មវិធីលើទូរស័ព្ទចល័តចំនួនពីរទៀតគឺ កម្មវិធី Khmer Self-Quarantine app ដែលប្រើសម្រាប់ផ្តល់ព័ត៌​មាន​និងតាមដានសុខភាពបុគ្គលដែលត្រូវដាក់ក្នុងចត្តាឡីស័ក និងកម្មវិធី OpenTraceKH  app ដែលប្រើសម្រាប់ស្វែ​ង​រកជនដែលមានទំនាក់ទំនងជាមួយបុគ្គលដែលអាចឆ្លងកូវីដ១៩ ក្រោមកិច្ចសហការរវាងក្រសួងប្រៃសណីយ៍​និង​​ទូរគមនាគមន៍ និងក្រុម Tech-Startup។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានឯកភាពប្រគល់កម្មវិធីទាំងពីរនេះជូនអនុគណៈកម្មការស្វែងរកជនសង្ស័យនៃជំងឺកូវីដ១៩ ដែលដឹកនាំដោយ ឯកឧត្តម ឌី វិជ្ជា។ ក្រុមការងារក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងបន្តពិនិត្យជាមួយក្រសួងសុខាភិបាលក្នុងការគាំទ្រដើម្បីដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទចល័តទាំងពីរនេះជាផ្លូវការ។